jump to navigation

ទស្សនៈ​ជុំ​វិញ​ការ​អាន​សៀវភៅ ខែ មីនា 1, 2008

Posted by រចនា in ទស្សនៈ​ទូទៅ.
trackback

ខ្ញុំ​ពុំ​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា ពេល​មាន​មនុស្ស​ម្នាក់​ចង់​មក​ខ្ចី​សៀវភៅ​របស់​យើង, ហេតុ​អី​ក៏​គេ​សួរ​យើង​ថា “ យើង​អាន​ចប់​ហើយ​ឬ​នៅ?” ទើប​តែ​ពេល​នេះ​ទេ​ដែល​ខ្ញុំ​យល់, យោបល់​ខ្ញុំ​គឺ “ មនុស្ស​ភាគ​ច្រើន​ឱ្យ​តម្លៃ​លើ​ការ​អាន​សៀវភៅ​ឱ្យ​ចប់” ។ ចំពោះ​ខ្ញុំ, ពួក​គេ​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​អាន​សៀវភៅ ថា​តើ​ការ​អាន​សៀវភៅ​ពិត​ប្រាកដ​នោះ វា​របៀប​ណា​នៅ​ឡើយ​ទេ។

ខ្ញុំ​ក៏​ចេះ​តែ​ឆ្ងល់​ខ្លួន​ឯង​ដែរ​ថា ម៉េច​ក៏​ខ្ញុំ​មិន​អាច​អាន​សៀវភៅ​ចប់​អញ្ចឹង? ទោះ​បី​ជា​សៀវភៅ​នោះ ខ្ញុំ​បាន​រើស​យ៉ាង​យូរ ហើយ​ចាត់​ទុក​ថា ខ្លួន​ឯង​ចូលចិត្ត​វា​ជាង​គេ​ក៏​ដោយ។ តែ​យ៉ាង​ណា អាថ៌កំបាំង​គ្មាន​ទេ សម្រាប់​អ្នក​ដែល​ចង់​ដឹង។ ខ្ញុំ​នៅ​តែ​អាច​ស្វែង​យល់​ពី​វា​បាន។

ក្រោយ​ពី​នោះ ខ្ញុំ​តែង​តែ​យល់​ថា មនុស្ស​មិន​យល់​ពី​តម្លៃ​នៃ​ការ​អាន​សៀវភៅ​មាន​ច្រើន​ណាស់ ព្រោះ​គេ​តែង​តែ​សួរ​ខ្ញុំ​ថា “ អាន​សៀវភៅ​ចប់​ឬ​នៅ?” “ម៉េច​បាន​ជា​ខ្ញុំ​អាន​សៀវភៅ​មិន​ចប់?”។ មាន​អ្នក​ខ្លះ ទិញ​សៀវភៅ​ស្ដើង​ៗ ព្រោះ​ខ្លាច​អាន​មិន​ចប់។ ខ្ញុំ​ចង់​តែ​សួរ​គេ​វិញ​ថា “ ម៉េច​បាន​ជា​ចង់​អាន​សៀវភៅ​ឱ្យ​ចប់​ម្ល៉េះ?” តែ​ខ្ញុំ​មិន​ធ្លាប់​សួរ​អ្នក​ណា​ម្នាក់​ទេ រហូត​ដល់​ពេល​មួយ​ដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់​ដែល​សួរ​ខ្ញុំ​ថា “ ឈប់​អាន​សៀវភៅ​នេះ​ឬ​នៅ?”, ខ្ញុំ​សួរ​ទៅ​គេ​វិញ​ថា “ ម៉េច​មិន​សួរ​ខ្ញុំ​ថា អាន​សៀវភៅ​នេះ​ចប់​ឬ​នៅ?” គេ​ក៏​សួរ​ខ្ញុំ​វិញ​ថា “ ម៉េច​បាន​ជា​ចង់​អាន​សៀវភៅ​ឱ្យ​ចប់​ម្ល៉េះ?”។

ត្រូវ​ហើយ! “ ម៉េច​បាន​ជា​ចង់​អាន​សៀវភៅ​ឱ្យ​ចប់​ម្ល៉េះ?”។ ខ្ញុំ​តែង​យល់​ថា ការ​អាន​សៀវភៅ​ចប់​ឬ​មិន​ចប់, វា​មិន​សំខាន់​នោះ​ទេ។ អាន​សៀវភៅ​មួយ​ក្បាល​ឱ្យ​ចប់ ដោយ​អារម្មណ៍​ផ្ដោត​តែ​ទៅ​លើ​ឃ្លា​ថា “ អាន​ឱ្យ​ឆាប់​ចប់” វា​គ្មាន​អី​ប្រសើរ​ជាង​ការ​ដែល​មិន​បាន​អាន​នោះ​ទេ។ តែ​វា​នឹង​គ្រាន់​បើ​ជាង បើ​យើង​អាន​សៀវភៅ​មួយ​ក្បាល​ដោយ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សៀវភៅ​នោះ ទោះ​ជា​អាន​មិន​ចប់​ក្ដី។

ចំពោះ​ខ្ញុំ, ការ​អាន​សៀវភៅ​មួយ​ក្បាល​មិន​ចប់ ព្រោះ​តែ​ខ្ញុំ​ខ្លួន​ឯង យល់​ថា អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពី​សៀវភៅ​មួយ​ក្បាល​នោះ វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ក្នុង​ខណៈ​នេះ។ វា​មាន​ន័យ​ថា អ្វី​ដែល​ខ្ញុំ​កំពុង​អាន ជា​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​ខួរ​ក្បាល​ខ្ញុំ​ទាមទារ​ឱ្យ​អាន​បន្ត។ ប្រសិន​បើ​ខួរ​ក្បាល​ខ្ញុំ​ប្រាប់​ថា វា​មិន​សំខាន់​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ឈប់​អាន ហើយ​ទុក​សៀវភៅ​នោះ​ចោល​ភ្លាម។ ប៉ុន្តែ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​លើក​សៀវភៅ​មួយ​ក្បាល​នោះ មក​អាន​ឡើង​វិញ, អាន​ដើម្បី​រំលឹក​រឿង​ចាស់​ៗ និង ដើម្បី​ទទួល​យក​អ្វី​ដែល​ថ្មី, អ្វី​ដែល​ខ្ញុំ​បាន​បោះ​ចោល​កាល​ពី​ពេល​មុន។

បើ​តាម​ចាំ​បាន, អ្នក​នៅ​ម្ដុំ​ៗ​នេះ ក៏​ធ្លាប់​សួរ​ខ្ញុំ​ដែរ​ថា ហេតុ​អី​បាន​ជា​អាន​សៀវភៅ​មិន​ចប់? ពេល​នេះ​ប្រហែល​ជា​បាត់​ឆ្ងល់​ហើយ, ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ប៉ុណ្ណោះ, ទទួល​បាន​ឬ​មិន​បាន សុំ​ប្រាប់​ខ្ញុំ​ឱ្យ​ដឹង​ផង ក្រែល​ល​ការ​យល់​ឃើញ​របស់​ខ្ញុំ​នៅ​មិន​ទាន់​សមស្រប, មិន​ទាន់​មាន​លក្ខណៈ​ទូទៅ។

វិចារ នានា»

1. ទឹម បឿន - ខែ មីនា 1, 2008

បង​យល់​ស្រប។ សៀវភៅ​ខ្លះ ទោះ​បី​ជា​យើង​បង្ខំ​ឱ្យ​ខ្លួនយើង​​​ឱ្យ​អាន​ឱ្យ​ចប់ ក៏​ពិបាក​នឹង​បញ្ចប់ ដោយសារ​តែ​វា​មិន​ត្រូវ​ចិត្ត​របស់​យើង ឬ​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវការ​អាន តែ​សៀវភៅ​ខ្លះ ទោះ​ជា​ក្រាស់​រាប់​រាយ រាប់​ពាន់​ទំព័រ​ក៏​យើង​នៅ​តែ​បន្ត​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយសារ​តែ​វា​ជា​អ្វី​ដែល​យើង​ចង់​ដឹង ឬ​ត្រូវការ។ ការ​អាន​សៀវភៅ​សម្រាប់​បង បង​មិន​ចង់​បាន​ឱ្យ​អាន​ឱ្យ​ចប់​នោះ​ទេ​ អ្វី​ដែល​បង​ត្រូវការ​គឺ​ចង់​ស្វែងយល់​បន្ថែម តែ​វា​មាន​ករណី​ខ្លះ ដែល​បង​ត្រូវ​តែ​បង្ខំ​ឱ្យ​អាន​វា​ឱ្យ​ចប់​ទាំង​មិន​ចូលចិត្ត​សៀវភៅ​នោះ ដូច​ជា​ពេល​ដែល​គ្រូ​កម្រិត​ឱ្យ​អាន​ឱ្យ​ចប់ ឬ​ពេល​ដែល​យើង​ត្រូវ​តែ​អាន​ឱ្យ​ចប់​ក្នុង​គោលដៅ​អ្វី​មួយ។ សម្រាប់​សៀវភៅ​ដែល​បង​អាន​មិន​ចប់ គឺ​បាន​ន័យ​ថា​បង​មិន​ចាប់​អារម្មណ៍ ឬ​វា​មិន​ទាន់​សំខាន់​សម្រាប់​បង តែ​បង​ក៏​មិន​ទាមទារ​ឱ្យ​ចប់​ដែរ គឺ​វា​អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​បង។

2. naraths - ខែ មីនា 1, 2008

New blog? Cannot read now.

3. រចនា - ខែ មីនា 1, 2008

គេ​អាន​បាន ម៉េច​បង​អាន​មិន​បាន???

4. naraths - ខែ មីនា 2, 2008

យី! បើ​ប្រាប់​ថា​អាន​មិន​បាន​ហើយ​ នៅឆ្លើយ​តប​​ឲ្យ​អាន​មិន​​បាន​ទៀត… ;)
ok អាឡូវ​អាន​បាន​ហើយ… ហ៊ើយ អា​ការ​ដែល​គេ​សួរ​យើង​ថា «អាន​សៀវ​ភៅ​ហ្នឹង​ចប់​ហើយ​នៅ?» គឺ​មាន​ន័យ​ថា បើ​ចប់​កាល​ណា​ នឹង​អាល​គេ​ខ្ចី​អាន​ម្ដង​​ហ្នឹង​ណា… ។ បឿន អើយ បើ​ខ្ញុំ​វិញ​បើ​អាន​មិន​ចប់​ ក៏​ព្រោះ​តែ​អាន​វា​មិន​ដាច់ អាន​មិន​យល់ កិកិ បើ​សៀវភៅ​ខ្មែរ​វិញ អាន​បណ្ដាក់​ចង់​ម៉ា​ខែ​បាន​ចប់​ម៉ា​ក្បាល អាន​ខ្ទាស់ អាន​ខ្ទាស់… និយាយ​ទៅ​ត​ភាគ​ទាល់​តែ​ចប់ ។ {…}

5. អាចម៍ផ្កាយ - ខែ មីនា 3, 2008

ល្អិតល្អៀតល្អន់មែន! បង​តាម​មិនទាន់​ទេ…
យល់ស្របតាមបង​រដ្ឋ គេសួរដូច្នោះ​ព្រោះគេ​ចង់​ខ្ចីត មានន័យថា យើងឈប់​អាន​ហើយ​ឬនៅ អាចឲ្យគេ​ខ្ចី​អាន​ផង​បានទេ?

សម្រាប់​បង​អានសៀវភៅ​ចង់​ឲ្យ​តែចប់ឆាប់ៗហ្នឹង ព្រោះ​ធ្វើអ្នកអាន​ចង់​អាន​ឲ្យទាន់​សៀវភៅ​ដែល​ចេញថ្មី ព្រោះធម្មតា​ការបោះពុម្ព​តែងតែយឺតយ៉ាវជាង​អ្នក​ចាំ​តែ​អាន​ហើយ តែ​បើ​អ្នក​អាន​យឹត​ជាង​ការ​បោះ​ពុម្ព យ៉ាប់​គឺយ៉ាប់ ។ម្យ៉ាង​អាន​សៀវ​ភៅ​ឲ្យ​ឆាប់​ចប់​ ព្រោះ​ចង់​ដឹង​ថាសៀវភៅ​ហ្នឹង​មានសារសំខាន់ឬអត់​ បើ​មាន​ លើក​ក្រោយនឹង​​អាន​ជាថ្មី​ទៀត… តែប៉ុណ្ណឹងឯង!!!

6. khmerpoemboy - ខែ មីនា 3, 2008

ចេះមកបើកបណ្ណាល័យឯណា…រកតែសៀវភៅមួយគ្មាន :)
មនុស្សម្នាក់មានរបៀបអានរៀងៗគ្នា។ អ្នកខ្លះអានតាំងពីអរម្មណ៍កថាឬកថាមុខ
ឯអ្នកខ្លះទៀតអានតែកន្លែងសង្ខេបឫក៍សរុបសេចក្តី។
ចំណែកខ្ញុំវិញជាមនុស្សខ្ជិលអានផុតលេខ។ ខ្ញុំអានជូនមុខជូនក្រោយ ជូនក្រោយ
ជួយមុខ ត្រឡប់ចុះត្រឡប់ឡើងគ្មានលំដាប់។ ពោលគឺអាតតែកន្លែងចង់ដឹង

7. កូនខ្មែរ - ខែ មេសា 30, 2008

ក្រែងគ្នាទើបតែធ្វើដឹងអី!​កុំអាលថាគាត់ :) មិនអញ្ចឹងបង

8. ដើមត្នោត - ខែ មិថុនា 2, 2008

គួរអោយស្តាយ ដែលប្លកចាស់ ពេញដោយពត៌មានល្អ ត្រូវបានលុបចេញ!
សូមដាក់ឡើងវិញ ប្រកាស “ ដែនដីសុវណ្ណភូមិ” ព្រោះវិធីពណ៌នាសាមញ្ញ ងាយយល់ សំរាប់អ្នកអានគ្រប់ប្រភេទ ដូចបានឃើញផ្ទាល់ភ្នែកតែម្តង អ្វីដែលបានពិពណ៌នា ក្នុងសាច់រឿង។

9. chenda - ខែ មិថុនា 15, 2008

គេសួរអញ្ចឹង ជា​ការ​គួរសម​ល្អបំផុត​ហើយ។​ គេចង់ដឹង​ថាអូននៅអាន​ទៀត​រឺ​អត់ទេ បើទេ គេ​អាច​ខ្ចី​បាន​ក៏អត់។​ ចំណែកការ​អានសៀវភៅ​​ វា​អាស្រ័យ​លើប្រភេទសៀវភៅ បើ​វា​ជា​ប្រភេទ​រឿងនិទាន​ អាន​ពី​ដើម​ដល់​ចប់​ជា​ការ​ល្អ​ ប៉ុន្តែ​បើជាសៀវភៅនិយាយ​ពីជំនាញ​មួយ​ៗ​​ គួរ​តែ​ជ្រើស​​រើស​ជំពូក​ណា​ដែល​យើង​មាន​ចំងល់។​ ការ​ជ្រីស​រើស​សៀវ​ភៅ​មក​អាន​ ​គេ​ត្រូវ​មើល​ពីសេចក្ដី​សង្ខេប​ អ្នកនិពន្ធ ឆ្នាំ​ចេញផ្សាយ និង រោងពុម្ព​ ជាមុន។​ ទ្វើអញ្ចឹង ចំណេញ​ពេល​ និង​ ថវិការ។

10. រចនា - ខែ មិថុនា 15, 2008

អរគុណ​បង!

11. chenda - ខែ មិថុនា 15, 2008

មិនអីទេ។​

12. រចនា - ខែ មិថុនា 15, 2008

:D អត់ទាន់គេង​ទៀត​ណ៎!

13. Leo - ខែ សីហា 3, 2008

ពិតជាមានន័យមែន រកពាក្យនិយាយទៅកើត​ ល្អណាស់

14. Dewy - ខែ តុលា 24, 2008

hey, lady when will you finish it? if you can scan to complete this , send the book to me i’ll do for you ok ? thanks for your hard work !

15. ប៊ុន ថុងយ៉ន​ ហៅថេង - ខែ ធ្នូ 7, 2008

I really agree with you what you said in this text
because I sometimes like that too…..

16. សេរីបណ្ឌិត - ខែ តុលា 18, 2009

បើ​និយាយ​ពី​អាន​សៀវភៅ​វិញ, ប៉ុន្មាន​ខែ​ហ្នឹង​ដូច​ជា​អត់​មាន​អារម្មណ៍​អាន​សៀវភៅ​សោះ ។ ជា​ពិសេស​សៀវភៅ​មេរៀន ។ អម្បាញ់មេញ​ហ្នឹង​ទើប​នឹង​អាន​សៀវ​ភៅ​នីតិរដ្ឋបាល​ទូទៅ (Mémentos : Droit Administratif Général) ដែលមាន​កម្រិត​ទាប​បំផុត នៅ​តែ​អាន​អត់​យល់ ។ ដល់​តែ​អញ្ចឹង​ទៅ ឃើញ​សៀវភៅ​ដូច​ចង់​ខ្លាច ។ ឆ្នាំ​ហ្នឹង​បែប​ត្រូវ​ប្រឡង​សង​ហើយ ។